តាមពិតទៅ Samsung ច្រឡំដៃផ្ញើសារជាលេខ 1 ទៅកាន់អ្នកប្រើប្រាស់មួយចំនួនទេ កាលពីម្សិលមិញនេះ

Published Date: Friday, February 21, 2020 09:52 AM

ប្រសិនបើប្រិយមិត្តអ្នកអាន កំពុងតែប្រើប្រាស់ទូរសព្ទឆ្លាតរបស់ Samsung ដូច្នេះហើយលោកអ្នក អាចនឹងទទួលបានសារដំណឹងដ៏ប្លែកមួយ កាលពីពេលម្សិលមិញនេះ ដោយវាចេញមកពីមុខងារ Find My Mobile ហើយបានសរសេរជាលេខ 1 ចំនួនពីរដងលើក្រោមគ្នា ដូចជាបានដាក់បង្ហាញក្នុងរូបភាពអញ្ចឹង។ ហេតុដូចនេះហើយ ទើបធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួន បានកើតមានក្ដីព្រួយបារម្ភ និងស្មានថាទូរសព្ទត្រូវបានគេលួច Hack រួចទៅហើយនោះ ប៉ុន្ដែអស់រយៈពេលប៉ុន្មានម៉ោងក្រោយមក Samsung ក៏បានបញ្ចេញចម្លើយឲ្យបានដឹងមកហើយ។

 

បើយោងទៅតាមសារឆ្លើយតបពី Samsung កាលពីម្សិលមិញនេះ បានលើកហេតុផលឲ្យយើងដឹងថា សារដំណឹងចេញមកពីមុខងារ Find My Mobile ដែលមានលេខ 1 មកជាមួយនោះ គឺគ្រាន់តែជាការច្រឡំដៃចុចផ្ញើបញ្ចូលទៅប៉ុណ្ណោះ ខណៈពេលដែលកំពុងសាកល្បង ហើយវាមិនមែនមកពីឆ្លងមេរោគនោះទេ។ បន្ថែមពីលើនេះទៀត ក្រុមការងារ Samsung ក៏បានសូមអភ័យទោស ចំពោះភាពរអាក់រអួលនេះផងដែរ ដោយវាហាក់បីដូចជា ផ្ញើទៅអ្នកប្រើប្រាស់ទូទាំងពិភពលោកតែម្ដង។ ជាការពិតណាស់ នេះមិនមែនមានតែក្រុមហ៊ុន Samsung មួយនោះទេ ដែលមានការច្រឡំដូចនេះ ដោយកាលពីឆ្នាំមុនកន្លងទៅ អ្នកប្រើប្រាស់ OnePlus 7 Pro ក៏ទទួលបានសារដំណឹងប្លែកៗ ដែលដាក់បង្ហាញនៅលើ ទូរសព្ទឆ្លាតរបស់ពួកគេដូចគ្នាដែរ ដោយមានមនុស្យមួយចំនួន បានយល់ឃើញថា វាជាមេរោគអ្វីម្យ៉ាង ក៏ប៉ុន្ដែបើតាមពិតទៅ វាបណ្ដាលមកពីក្រុមការងារ OnePlus សាកល្បងបញ្ចេញដំណឹងខុសបច្ចេកទេស ដូចលើកនេះផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ទោះបីជាអ្នកប្រើប្រាស់មិនធ្លាប់តភ្ជាប់ជាមួយមុខងារ Find My Mobile ពីមុនមកសោះឡើយក្ដី ប៉ុន្ដែក៏នៅតែទទួលបានសារដំណឹងនេះដូចគ្នាទៅវិញ។

តើកាលពីម្សិលមិញនេះ ទូរសព្ទឆ្លាតត្រកូល Galaxy របស់លោកអ្នក ទទួលបានសារដំណឹងមួយនេះដែរឬទេ? ប្រសិនបើប្រិយមិត្តឃើញមាន អាចបញ្ជាក់ប្រាប់តាមរយៈប្រអប់ Comment ឲ្យក្រុមការងារយើងបានដឹងផង។

ប្រភព ៖ CAMBO REPORT