តាម​ការ​ពិត​អេក្រង់ XZ Premium មាន​ល្បឿន​ដល់​ទៅ 120Hz ប៉ុន្តែ​មិន​មែន​អ្នក​ប្រើ​ទាំង​អស់ អាច​បើក​បាន​នោះទេ!

Published Date: Tuesday, April 10, 2018 10:07 AM

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Sony បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល សាជាថ្មីម្ដងទៀត ដោយសារតែបានបញ្ចេញ នូវទូរសព្ទ XZ Premium ដែលមានអេក្រង់ បង្ហាញដល់ 4K ដែលបង្ហាញក្នុងកម្រិត 4K ម៉ត់ច្បាស់ នៅគ្រប់ទីកន្លែងតែម្ដង មិនមែនបង្ហាញ តែក្នុងវីឌីអូ 4K ឬរូបភាព 4K ដូចជា Z5 Premium ឡើយ។ ម្យ៉ាងទៀត អេក្រង់របស់វា ក៏ទ្រទ្រង់ជាមួយ បច្ចេកវិទ្យាបង្ហាញ HDR ផងដែរ ធ្វើឲ្យការបង្ហាញម៉ត់ច្បាស់ ថែមទាំងមានពណ៌ផុស ដាច់ស្អាតទៀតផង។ លើសពីនេះទៅទៀត អេក្រង់របស់ XZ Premium អាចទ្រទ្រង់ល្បឿន Refresh Rate ដល់ទៅ ១២០ ហឺត ឯណោះ ដូចជា Razer Phone និង iPad Pro ១០.៥ អ៊ីញដែរ គ្រាន់តែវានៅលាក់ក្នុង Android Oreo ហើយ ក៏មិនងាយមានអ្នក ដែលអាចដឹង ឬបើកវាបាន នោះទេ។

បើយោងតាមព័ត៌មានរបស់ក្រុមអភិវឌ្ឍន៍ XDA បានឲ្យដឹងថា តាមពិតទៅអេក្រង់របស់ Xperia XZ Premium អាចទ្រទ្រង់នូវល្បឿន បង្ហាញចំនួន ២ ប្រភេទជា Default គឺកម្រិតបង្ហាញ ១០៨០ ល្បឿន ៦០ ហ្វ្រេម ក្នុងមួយវិនាទី និងមួយទៀត គឺកម្រិតបង្ហាញ ២១៦០ ល្បឿន ៦០ ហ្វ្រេម ក្នុងមួយវិនាទីដូចគ្នា ហើយចំពោះកម្រិតបង្ហាញ មួយទៀត ដែលមិនសូវមានអ្នកដឹង គឺកម្រិតបង្ហាញ ១០៨០ ក្នុងល្បឿន ១២០ ហ្វ្រេម ក្នុងមួយវិនាទីឯណោះ ប៉ុន្តែយើងមិនអាច បើកបានទេ ប្រសិនបើយើង មិនដឹងកន្លែង។ តាមការអះអាង របស់អ្នកប្រើប្រាស់ XZ Premium នៃក្រុមអភិវឌ្ឍន៍ XDA បញ្ជាក់ថា អេក្រង់របស់វានេះ គឺយើងអាច បើកល្បឿន Refresh Rate ឲ្យបង្ហាញដល់ល្បឿន ១២០ ហឺត បានគឺត្រូវប្រើប្រាស់នូវ ប្រព័ន្ធប្រតិបត្តិការ Android Oreo (AOSP 8.1) ប៉ុន្តែមិនមែន ចេញពី Google នោះទេ គឺត្រូវប្រើប្រាស់ Android ដែលត្រូវបានកែច្នៃ Kernel ខ្លះៗពីក្រុម XDA ដែលអ្នកអាចចូល ទៅទាញយកនៅក្នុង Link Google Drive ខាងក្រោមនេះ។

 

 

បន្ទាប់ពីធ្វើការតម្លើង Android Oreo 8.1 ដែលត្រូវបានកែច្នៃខ្លះ ពីក្រុមអ្នកអភិវឌ្ឍន៍ XDA នេះរួចមក យើងឃើញថា មានអ្នកប្រើប្រាស់ XZ Premium មួយចំនួនធំ គឺអាចបើកនូវល្បឿន អេក្រង់របស់គេដល់ ១២០ ហឺតបាន ប៉ុន្តែកម្រិតបង្ហាញ នៅក្នុង Full HD ប៉ុណ្ណោះ មិនមែន 4K នោះទេ។ ប៉ុន្តែក៏មាន XZ Premium មួយចំនួនតូចទៀត មិនអាចបើកមុខងារនេះ បានផងដែរ ដោយសារតែវាដំណើរការ មិនបានពេញលេញ នោះទេ ហេតុនេះហើយ ទើបក្រុមហ៊ុន Sony មិនបានបន្ថែម មុខងារនេះដល់ XZ Premium ចេញពី ប្រអប់ស្រាប់នោះទេ។

 

ជាចុងក្រោយ បើតាមការព្យាករណ៍របស់ក្រុមអ្នកអភិវឌ្ឍន៍ របស់ XDA រំពឹងថាក្រុមហ៊ុន Sony នឹងធ្វើការបើក មុខងារល្បឿនអេក្រង់ ១២០ ហឺតនេះ បានឲ្យពេញលេញនៅលើ XZ Premium លើកំណែអាប់ដេតប្រព័ន្ធ ប្រតិបត្តិការ Android P នាពេលខាងមុខនេះ ដែលវានឹងដើរបានស្រួល គ្រប់ម្ចាស់ XZ Premium តែម្ដង។

ប្រភពៈ​ Cambo Report