អាច​ទេ Samsung Galaxy Fold 2 មាន​តម្លៃ​ក្រោម​ខ្ទង់​មួយ​ពាន់​ដុល្លារ?

Published Date: Thursday, December 5, 2019 08:31 AM

Galaxy Fold ជាស្មាតហ្វូនដែលមាន អេក្រង់អាចបត់បានដំបូងគេ របស់ក្រុមហ៊ុនអេឡិចត្រូនិចយក្ស នៃកូរ៉េខាងត្បូង Samsung និងត្រូវបានដាក់បង្ហាញ កាលដើមឆ្នាំ 2019។ បន្ទាប់ពីបានធ្វើការកែប្រែ នូវចន្លោះប្រហោង និងចំនុចខ្វះខាត របស់ស្មាតហ្វូនអេក្រង់បត់ ជំនាន់ដំបូងនេះរួចមក ទីបំផុត Samsung ក៏សម្រេចបញ្ចេញលក់វា ជាផ្លូវការ ហើយមកដល់ពេលនេះ វាក៏មានវត្តមាននៅលើទីផ្សារយើងផងដែរ។ ដោយឡែក ទាក់ទងនឹង Galaxy Fold ជំនាន់ក្រោយ គេកាន់តែជឿជាក់ថា វានឹងវាយលុកទីផ្សារ បានទូលំទូលាយជាងនេះ កាន់តែពិសេសនោះ ស្មាតហ្វូនបត់របស់ Samsung អាចនឹងមានតម្លៃធូរថ្លៃជាងស៊េរីដំបូង។

 

ប្រាកដណាស់ យោងតាមរបាយការណ៍ថ្មីមួយ ចេញពីប្រភពអ្នកវិភាគ The Korean Herald បានបង្ហាញឲ្យដឹងថា Galaxy Fold 2020 អាចនឹងដាក់លក់ក្នុងតម្លៃខ្ទង់ 1 លានវ៉ុនកូរ៉េ ឬស្មើនឹង 845 ដុល្លារអាមេរិក បើធៀបនឹងស្មាតហ្វូនអេក្រង់បត់ ជំនាន់ដំបូងរបស់ Samsung មានតម្លៃជាង 2 ពាន់ដុល្លារឯណោះ។ មូលហេតុចម្បង ដែលធ្វើឲ្យស្មាតហ្វូនអនាគត Galaxy Fold ជំនាន់ដំបូងគេ ស្ថិតក្នុងតម្លៃកប់នោះ ក៏ព្រោះតែវាជាស្មាតហ្វូន ដែលមានអេក្រង់បត់ ត្រូវប្រើបច្ចេកវិទ្យាខ្ពស់ និងបន្លាស់ថ្មីៗ សម្រាប់ផលិតឡើងផងដែរ។ យ៉ាងណា តម្លៃដែលគេបានវិភាគទុកមុន សម្រាប់ Galaxy Fold 2020 ក៏មិនប្រាកដថានឹងកើតមាន នៅលើទីផ្សារសកលដែរ ដូច្នេះ វាប្រហែលជាអាចលោតដល់ខ្ទង់មួយពាន់ស្តើង។

 

សរុបមក ព័ត៌មានខាងលើនេះ គ្រាន់ជារបាយការណ៍ថ្មីមួយ ដែលផ្អែកតាមការវិភាគ តែម្ខាង តែប៉ុណ្ណោះ ដូច្នេះ មានន័យថា យើងក៏មិនទាន់អាចបញ្ជាក់បានថា Galaxy Fold 2020 នឹងពិតជាមានតម្លៃក្រោម ខ្ទង់មួយពាន់ដុល្លារទេ ដរាបណា ទាល់តែមានការប្រកាសចេញពី ក្រុមហ៊ុន Samsung ផ្ទាល់។ តែអ្វីដែលយើងអាចដឹងច្បាស់ក្នុងពេលនេះ គឺសល់តែប៉ុន្មានខែទៀតនោះទេ វានឹងបង្ហាញខ្លួន ជាផ្លូវការហើយ ដែលធ្វើឡើងនៅចុងខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ ក្នុងព្រឹតិ្តការណ៍ MWC នៅទីក្រុងបាសេឡូណា។

ប្រភព៖ CAMBO REPORT